និស្សិតពេទ្យ១រូបទទួលអាហារូបករណ៍ពីមូលនិធិអនាគតខ្មែរ
ដោយ សេក បណ្ឌិត
2010-10-24
លោក សេក បណ្ឌិត មានសេចក្ដីរាយការណ៍មួយស្ដីពីគោលបំណងយុវតីម្នាក់ ដែលទើបទទួលបានអាហារូបករណ៍រៀននៅសាលាពេទ្យក្នុងស្រុក និងមានគោលបំណងចង់ក្លាយជាគ្រូពេទ្យម្នាក់ដ៏មានគុណធម៌ ជួយព្យាបាលដល់ពលរដ្ឋក្រីក្រ។
នៅក្នុងប្រទេសកម្ពុជា គេសង្កេតឃើញថា សេវាថែទាំសុខភាពនៅមានកម្រិតនៅឡើយ ទាំងនៅទីក្រុង និងជនបទ មិនត្រឹមតែប៉ុណ្ណោះ មានការចោទប្រកាន់ស្ទើរគ្រប់មជ្ឈដ្ឋានជាបន្តបន្ទាប់ថា មិនត្រឹមតែថាក្រុមគ្រូពេទ្យវាយឫក ក្រអឺតក្រទម ខ្វះសីលធម៌ទៅលើអ្នកជំងឺ ថែមទាំងអ្នកជំងឺភាគច្រើនមិនមានទំនុកចិត្តលើក្រុមគ្រូពេទ្យខ្មែរទៀតផង។
ទន្ទឹមពេលនេះដែរ យុវជនខ្មែរ មានការសិក្សាលើវិជ្ជាពេទ្យក៏នៅមានចំនួនតិចដែរបើប្រៀបធៀបទៅនឹងមុខវិជ្ជាផ្សេងៗ ដោយសារគេយល់ឃើញថា ការសិក្សាលើវិជ្ជាពេទ្យ ត្រូវចំណាយប្រាក់ច្រើន ដែលធ្វើឲ្យកូនចៅក្នុងគ្រួសារក្រីក្រ មិនអាចតស៊ូរៀនក្នុងវិជ្ជានេះបាន។
ដោយមើលឃើញនូវបរិបទខាងលើនេះ ទើបមូលនិធិអនាគតខ្មែរ និងក្រុមហ៊ុនមេឌីខ្មែរ (MEDIKHMER) បានព្យាយាមប្រមែប្រមូលថវិកាផ្ដល់អាហារូបករណ៍ជូនដល់និស្សិតក្រីក្រ ដោយធ្វើការជ្រើសរើសនិស្សិតណាដែលមានឆន្ទៈមោះមុត ក្នុងការសិក្សាវិជ្ជាពេទ្យនេះ ដោយមានគោលបំណងជំរុញឲ្យទៅដល់អនាគត ក្លាយជាគ្រូពេទ្យម្នាក់ ដែលមានការយកចិត្តទុកដាក់ខ្ពស់លើអ្នកជំងឺនៅតាមជនបទ។
លោក មួង សុទ្ធី ប្រធានមូលនិធិអនាគតខ្មែរ និងជានាយកក្រុមហ៊ុនមេឌីខ្មែរ (MEDIKHMER) បានមានប្រសាសន៍ឲ្យដឹងថា កាលពីពេលថ្មីនេះ មូលនិធិអនាគតខ្មែរបានធ្វើការជ្រើសរើសនិស្សិតមួយរូបជាជ័យលាភី ទទួលបានអាហារូបករណ៍សិក្សានៅមហាវិទ្យាល័យឱសថសាស្ត្រ និងពាណិជ្ជសាស្ត្រ ក្នុងចំណោមនិស្សិតជាច្រើនរយនាក់។
លោកបានឲ្យដឹងទៀតថា ក្នុងចំណោមនិស្សិតជាច្រើនដែលមានគណៈកម្មការត្រួតពិនិត្យវាយតម្លៃ ចំពោះការសិក្សាអស់រយៈពេលច្រើនខែមក គណៈកម្មការបានសម្រេចផ្ដល់អាហារូបករណ៍ជូនឲ្យទៅលើយុវតីម្នាក់ ឈ្មោះ ឃឹម ណាំហ្គិច អាយុ១៩ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ចាម ៖ «គឺយើងផ្ដល់ជាមូលនិធិចំនួនជាទឹកប្រាក់ ៦ពាន់ដុល្លារក្នុងមួយឆ្នាំ ហើយនិងកុំព្យូទ័រ រហូតដល់គាត់ចប់ការសិក្សារបស់គាត់។ អាហារូបករណ៍នេះគឺផ្ដល់ជូនដោយមូលនិធិអនាគតខ្មែរ ហៅថា ខ្មែរណិក (Khmer Next) ដែលមានការឧបត្ថម្ភផ្នែកហិរញ្ញវត្ថុពីក្រុមហ៊ុនហ្វាណិក (Pharnext) ដែលជាក្រុមហ៊ុនផលិតឱសថខ្នាតអន្តរជាតិមួយ ដែលមានទីតាំងនៅប្រទេសបារាំង ប្រទេសអាមេរិក និងប្រទេសចិន និងនៅប្រទេសប្រេស៊ីល»។
នៅក្នុងពិធីប្រកាសផ្ដល់អាហារូបករណ៍នៅសណ្ឋាគារភ្នំពេញ កាលពីរសៀលថ្ងៃសុក្រ ទី២២ ខែតុលា យុវតី ឃឹម ណាំហ្គិច បានសម្ដែងក្ដីរំភើបរីករាយ ប្រកបដោយស្នាមញញឹម និងក្ដីសង្ឃឹមទុកជាមុនថា ក្តីបំណងរបស់គេពីពេលនេះតទៅ គឺពិតជាបានជោគជ័យហើយ។
យុវតី ឃឹម ណាំហ្គិច បានឲ្យដឹងថា គ្រួសារនាងស្ថិតក្នុងជីវភាពមធ្យម។ ម្ដាយជាមេផ្ទះ ឪពុកជាគិលានុបដ្ឋាយិកា ឬគ្រូពេទ្យថែទាំអ្នកជំងឺ នៅមន្ទីរពេទ្យបង្អែកអ្នកលឿង ខេត្តព្រៃវែង ប៉ុន្តែសម្រាប់ការរៀនសូត្រវិជ្ជាពេទ្យ គ្រួសារនាងពិតជាមានការខ្វះខាតខ្លាំងណាស់ ៖ «ដូចបានដឹងស្រាប់ហើយថា ការរៀនពេទ្យគឺមិនមែនចំណាយលុយតិចតួចទេ។ ប៉ាខ្ញុំគាត់ត្រឹមតែជាគិលានុបដ្ឋាយិកា មិនមែនជាវេជ្ជបណ្ឌិត ដែលមានប្រាក់ខែច្រើននោះទេ»។
តែទោះយ៉ាងណាក្ដី ក្រោយបញ្ចប់ការសិក្សានៅមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នាងមានគោលដៅរួចជាស្រេច គឺអនាគតចង់ក្លាយជាវេជ្ជបណ្ឌិត ឬគ្រូពេទ្យដ៏មានគុណធម៌មួយរូប ៖ «បានជានាងខ្ញុំចង់រៀនមុខវិជ្ជាពេទ្យនេះ ពីព្រោះនាងខ្ញុំស្រលាញ់ខ្លួនឯងផង និងចង់បន្តឧត្ដមគតិប៉ារបស់នាងខ្ញុំផង ពីព្រោះប៉ាខ្ញុំគាត់ឆ្លងកាត់របប ប៉ុល ពត អ៊ីចឹងគ្រួសារគាត់ខ្សត់ខ្សោយ អត់មានលទ្ធភាពរៀនដល់វេជ្ជបណ្ឌិតបានទេ គឺគាត់រៀនត្រឹមតែគិលានុបដ្ឋាយិកា ហើយត្រឹមតែបឋមថែមទៀត ដូច្នេះគាត់ធ្វើការមានការលំបាកណាស់ក្នុងវិស័យសុខាភិបាល អ៊ីចឹងខ្ញុំចង់ពង្រឹងខ្លួនឯងឲ្យក្លាយទៅជាវេជ្ជបណ្ឌិតតាមគោលបំណងរបស់ប៉ាខ្ញុំ»។
មុននឹងទទួលបានអាហារូបករណ៍នេះ យុវតី ឃឹម ណាំហ្គិច ត្រូវបានគ្រួសារបានខិតខំសន្សំប្រាក់ឲ្យនាងបានរៀននៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ឆ្នាំទី២ ផ្នែកវេជ្ជសាស្ត្រ ឬជំនាញព្យាបាលជំងឺ ដោយត្រូវចំណាយលុយមួយឆ្នាំអស់ជាង ១០០០ដុល្លារអាមេរិក។
យុវតីរូបនេះបានឲ្យដឹងពីអ្វីដែលនាងបានមានលទ្ធភាពជាប់អាហារូបករណ៍នេះថា ការឧបត្ថម្ភពីឪពុកម្ដាយ កាន់តែមានការខ្សត់ខ្សោយ តែនាងនៅតែមានចិត្តចង់បន្តការសិក្សា ដូច្នេះនាងបានព្យាយាមពុះពារ ហើយស្វែងរកមូលនិធិជួយឧបត្ថម្ភ ហើយទីបំផុតនាងស្គាល់មូលនិធិមួយ ឈ្មោះថាមូលនិធិអនាគតខ្មែរ ឬខ្មែរណិក តាមរយៈមិត្តភ័ក្ដិ ដោយដាក់ពាក្យស្នើសុំអាហារូបករណ៍ទៅក្រុមហ៊ុន សរសេរអត្ថបទមួយជាភាសាអង់គ្លេស បង្ហាញពីគោលបំណង ចាប់តាំងពីខែមីនា ឆ្នាំ២០១០ មក។
លោក ឃឹម សុភា ជាគិលានុបដ្ឋាយិកា ឬគ្រូពេទ្យថែទាំអ្នកជំងឺ នៅមន្ទីរពេទ្យបង្អែកអ្នកលឿង ខេត្តព្រៃវែង ត្រូវជាឪពុកយុវតី ឃឹម ណាំហ្គិច បានសម្ដែងឲ្យដឹងពីទឹកចិត្តកូនក្នុងការរៀនសូត្រថា ណាំហ្គិច ជាក្មេងសុភាពរាបសា តស៊ូក្នុងការសិក្សា មិនដែលធ្វើឲ្យឪពុកម្ដាយលំបាកប្រដៅណែនាំច្រើនឡើយ ៖ «កូនខ្ញុំមានទឹកចិត្តមួយថា ត្រឹមតែពេទ្យថែទាំអ្នកជំងឺតូចណាស់ អ៊ីចឹងខ្ញុំខំយ៉ាងម៉េចឲ្យលើសប៉ា ឲ្យបានជាវេជ្ជបណ្ឌិតមួយយ៉ាងចំណាន។ អ៊ីចឹងខ្ញុំជាឪពុក ដោយស្មារតីទឹកចិត្តកូន ខំតស៊ូសន្សំ អ៊ីចឹងខ្ញុំត្រូវឲ្យគាត់ស្វះស្វែងជាមួយមិត្តភ័ក្ដិក្រែងលោមានមូលនិធិសមធម៌ណាសម្រាប់ផ្គត់ផ្គង់ឲ្យបានរៀនតទៀត។ អ៊ីចឹងវាភ័ព្វសំណាងរបស់កូនទេ ជារឿងទំនាក់ទំនងរបស់កូន»។
លោកបន្តថា លោកសប្បាយចិត្តដែលឃើញកូនមានការតាំងចិត្តបានល្អ ក្នុងការដើរតាមគន្លងរបស់ឪពុកចង់បានដូច្នេះ។
លោក មួង សុទ្ធី ប្រធានមូលនិធិអនាគតខ្មែរ និងជានាយកក្រុមហ៊ុនមេឌីខ្មែរ បានឲ្យដឹងពីលក្ខខណ្ឌនៃការជ្រើសរើសនិស្សិត ដើម្បីផ្ដល់អាហារូបករណ៍នេះថា មូលនិធិអនាគតខ្មែរមិនផ្ដោតលើពិន្ទុខ្ពស់ មានចំណាត់ថ្នាក់លេខមួយនោះទេ គឺអាស្រ័យភាពឆ្លាតវៃ និងការខិតខំប្ដូរផ្ដាច់នឹងការសិក្សាជាអាទិភាព ៖ «ទីមួយយើងឃើញគាត់មានភាពខ្វះខាតក្នុងការសិក្សារបស់គាត់ ទី២ ឃើញគាត់មានការតស៊ូណាស់ ហើយជាពិសេស គាត់ជាក្មេងស្រីទៀត ហើយមានការព្យាយាមរៀនសូត្រ អ៊ីចឹងបានជាយើងផ្ដល់អាហារូបករណ៍ហ្នឹងជូនទៅគាត់»។
យុវតី ឃឹម ណាំហ្គិច បានមានការចាប់អារម្ភចំពោះវិស័យសុខាភិបាលនៅកម្ពុជាដែរថា ៖ «នៅតាមជនបទ ប្រជាពលរដ្ឋក្រីក្រតែងតែមិនហ៊ានចូលព្យាបាលនៅមន្ទីរពេទ្យទេ ដោយខ្លាចចំណាយលុយច្រើន អ៊ីចឹងគាត់បង្ខំចិត្តប្រើប្រាស់មធ្យោបាយទិញថ្នាំបន្តិចបន្តួចយកមកហូប អ៊ីចឹងមានការលំបាកណាស់។ នេះជាក៏ជាមូលហេតុដែលនាងខ្ញុំចង់រៀនខាងនេះផងដែរ»។
យុវតី ឃឹម ណាំហ្គិច បានតាំងចិត្តថា នៅក្រោយរៀនចប់ក្លាយជាវេជ្ជបណ្ឌិត គេមានបំណងចង់ជួយប្រជាពលរដ្ឋតាមជនបទក្រីក្រ ដោយផ្ដល់សេវាសុខភាពដល់ពួកគាត់ឲ្យបានល្អ តាមលទ្ធភាពដែលអាចធ្វើទៅបាន៕
No comments:
Post a Comment