ខ្មែរក្រោមសុំសេរីភាពពីវៀតណាម
ដោយ ទីន ហ្សាការីយ៉ា
2010-11-14
ខណៈដែលនាយករដ្ឋមន្ត្រីវៀតណាមគ្រោងនឹងមកចូលរួមក្នុងកិច្ចប្រជុំ មួយនៅថ្ងៃទី១៦-១៧ វិច្ឆិកា នៅរាជធានីភ្នំពេញ អង្គការសមាគមខ្មែរកម្ពុជាក្រោមមួយចំនួន គ្រោងស្នើឲ្យរដ្ឋាភិបាលវៀតណាមបើកសិទ្ធិសេរីភាពជួនពលរដ្ឋខ្មែរកម្ពុជាក្រោម។
តំណាងអង្គការ-សមាគមខ្មែរកម្ពុជាក្រោមចំនួន៩ គ្រោងនឹងចេញសេចក្ដីថ្លែងការណ៍មួយ នៅថ្ងៃច័ន្ទទី១៥ វិច្ឆិកា ដើម្បីទាមទារឲ្យរដ្ឋាភិបាលវៀតណាមផ្ដល់សិទ្ធិសេរីភាពជួនប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោម ដែលកំពុងរស់នៅក្នុងទឹកដីអតីតកម្ពុជាក្រោម ដូចប្រជាពលរដ្ឋវៀតណាមដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ននេះដែរ។
ការគ្រោងចេញសេចក្ដីថ្លែងការណ៍នេះ នៅខណៈដែលនាយករដ្ឋមន្ត្រីវៀតណាមលោក ង្វៀន តិនយុង នឹងមកប្រជុំលើកទី៥ កម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម នៅរាជធានីភ្នំពេញ នាថ្ងៃទី១៦ ដល់ថ្ងៃទី១៧ វិច្ឆិកា។
ប្រធានមជ្ឈមណ្ឌលវប្បធម៌ខ្មែរកម្ពុជាក្រោមលោក យន្ត ថារូ បានឲ្យដឹងនៅថ្ងៃទី១៤ វិច្ឆិកាថា ប្រជាពលរដ្ឋវៀតណាមរស់នៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន ទាំងស្របច្បាប់ និងមិនស្របច្បាប់ រដ្ឋាភិបាលខ្មែរបានផ្ដល់សិទ្ធិពេញលេញជួនពួកគេ ផ្ទុយទៅវិញ ពលរដ្ឋកម្ពុជាក្រោម ដែលកំពុងរស់នៅលើទឹកដីអតីតកម្ពុជាក្រោម ដែលគ្រប់គ្រងដោយរដ្ឋាភិបាលយួននោះ ត្រូវបានគេរឹតបន្តឹងសិទ្ធិសេរីភាព និងធ្វើបាបទៅវិញ។
ប្រធានសាខាសហព័ន្ធខ្មែរកម្ពុជាក្រោមពិភពលោកប្រចាំនៅកម្ពុជា លោក តាំង សារៈ បានលើកឡើងថា លោកមិនបានចេញសេចក្ដីថ្លែងការណ៍ ឬធ្វើញត្តិដាក់ជួនលោកនាយករដ្ឋមន្ត្រីវៀតណាមទេ ដោយលោកចាត់ទុកលោក ង្វៀន តិនយុង ជាមនុស្សគរ ព្រោះថាកន្លងមក លោកធ្លាប់បានដាក់លិខិតសុំឲ្យរដ្ឋាភិបាលវៀតណាមសុំបញ្ឈប់ការគាបសង្កត់ និងរំលោភបំពានមកលើពលរដ្ឋខ្មែរកម្ពុជាក្រោម ប៉ុន្តែគេមិនដោះស្រាយជួននោះទេ។
វិទ្យុអាស៊ីសេរីមិនអាចសុំការបំភ្លឺពីមន្ត្រីស្ថានទួតវៀតណាមប្រចាំនៅកម្ពុជា ដើម្បីសុំការបំភ្លឺពីករណីខាងលើនេះបានទេ នៅថ្ងៃអាទិត្យ ទី១៤ វិច្ឆិកានេះ។
កាលពីថ្ងៃទី១៣ វិច្ឆិកា គណបក្សសមរង្ស៊ីក៏បានចេញសេចក្ដីថ្លែងការណ៍ចំហមួយផងដែរ ដោយខ្លឹមសារក្នុងលិខិតនោះ បានសុំឲ្យនាយករដ្ឋមន្ត្រីវៀតណាម ប្រើប្រាស់កិច្ចប្រជុំកម្ពុជា វៀតណាម ឡាវ និងមីយ៉ាន់ម៉ានេះ ធ្វើយ៉ាងណាបង្ហាញពីជំហររបស់ប្រទេសវៀតណាម ក្នុងការគោរពបូរណភាពទឹកដី អធិបតេយ្យភាព និងឯករាជ្យនៃប្រទេសកម្ពុជា ឲ្យស្របទៅតាមគោលការណ៍ ដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១។
មន្ត្រីនាំពាក្យស្ដីទីនៃគណបក្សសមរង្ស៊ី លោក គីម សួភីរិទ្ធ បានមានប្រសាសន៍ថា នៅក្នុងសេចក្ដីថ្លែងការណ៍នោះ បានទាមទារឲ្យរដ្ឋាភិបាលវៀតណាម និងកម្ពុជា ពិនិត្យឡើងវិញនូវការបោះតម្រុយព្រំដែននៃប្រទេសទាំងពីរឲ្យគោរពគ្នាទៅវិញទៅមក ព្រោះថាការបោះបង្គោលតម្រុយព្រំដែនកន្លងមក បានបាត់ដីស្រែប្រជាពលរដ្ឋ ដូចជាព្រំដែនវៀតណាម-កម្ពុជា នៅខែត្រកំពង់ចាម ខែត្រតាកែវ និងខែត្រស្វាយរៀងជាដើម។
ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា លោក វ៉ា គឹមហុង បានបដិសេធកាលពីថ្ងៃទី១៣ វិច្ឆិកាថា ការបោះបង្គោលតម្រុយព្រំដែនកម្ពុជា-វៀតណាម ពុំបានបាត់ដីប្រជាពលរដ្ឋខ្មែរទេ។ លោក វ៉ា គឹមហុង បានបញ្ជាក់ថា លោកនឹងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះរាល់សកម្មភាពណាមួយដែលធ្វើឲ្យរាំងស្ទះដល់ការពន្លឿនការបោះតម្រុយបង្គោលព្រំដែនរវាងប្រទេសកម្ពុជា និងវៀតណាមនេះ។
ទោះជាយ៉ាងណាលោក គីម សួភីរិទ្ធ បានលើកឡើងថា គណបក្សប្រឆាំងមិនទុកចិត្តទៅលើគណៈកម្មាធិការព្រំដែនកម្ពុជាទេ ព្រោះការបោះបង្គោលតម្រុយព្រំដែននេះ ហាក់បីដូចជាមានរឿងអាថ៌កំបាំងអ្វីមួយ ដោយលោកបញ្ជាក់ថា បើសិនគណៈគណៈកម្មាធិការនេះមានតម្លាភាព គេគួរតែបើកឲ្យសង្គមស៊ីវិល និងតំណាងរាស្ត្រចូលរួមត្រួតពិនិត្យក្នុងការបោះតម្រុយព្រំដែននោះ ព្រោះថាជាទឹកដីខ្មែរទាំអស់គ្នា៕
No comments:
Post a Comment