Monday 6 December 2010


ខ្មែរ​ក្រោម​សុំ​សេរីភាព​ពី​វៀតណាម

2010-11-14
ខណៈ​ដែល​នាយក​រដ្ឋ​មន្ត្រី​វៀតណាម​គ្រោង​នឹង​មក​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ ​មួយ​នៅ​ថ្ងៃ​ទី​១៦-១៧ វិច្ឆិកា នៅ​រាជ​ធានី​ភ្នំពេញ អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​មួយ​ចំនួន គ្រោង​ស្នើ​ឲ្យ​រដ្ឋាភិបាល​វៀតណាម​បើក​សិទ្ធិ​សេរីភាព​ជួន​ពល​រដ្ឋ​ខ្មែរ​​កម្ពុជា​ក្រោម។

Photo courtesy of preynokornews.blogspot.com
ប៉ូលិស​ខ្មែរ​វាយ​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​ដែល​ចូល​រួម​ធ្វើ​បាតុកម្ម​នៅ​ខាង​មុខ​ស្ថានទូត​វៀតណាម​នៅ​កម្ពុជា កាលពី​ថ្ងៃ​ទី១៧ ធ្នូ ២០០៧

តំណាង​អង្គការ-សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ចំនួន​៩ គ្រោង​នឹង​ចេញ​សេចក្ដី​ថ្លែង​ការណ៍​មួយ នៅ​ថ្ងៃ​ច័ន្ទ​ទី​១៥ វិច្ឆិកា ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​វៀតណាម​ផ្ដល់​សិទ្ធិ​សេរីភាព​ជួន​ប្រជា​ពល​រដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម ដែល​កំពុង​រស់​នៅ​ក្នុង​ទឹក​ដី​អតីត​កម្ពុជា​ក្រោម ដូច​ប្រជា​ពល​រដ្ឋ​វៀតណាម​ដែល​កំពុង​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​នេះ​ដែរ។
ការ​គ្រោង​ចេញ​សេចក្ដី​ថ្លែង​ការណ៍​នេះ នៅ​ខណៈ​ដែល​នាយក​រដ្ឋ​មន្ត្រី​វៀតណាម​លោក ង្វៀន តិន​យុង នឹង​មក​ប្រជុំ​លើក​ទី​៥ កម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម នៅ​រាជ​ធានី​ភ្នំពេញ នា​ថ្ងៃ​ទី​១៦ ដល់​ថ្ងៃ​ទី​១៧ វិច្ឆិកា។
ប្រធាន​មជ្ឈ​មណ្ឌល​វប្បធម៌​ខ្មែរ​កម្ពុជា​ក្រោម​លោក យន្ត ថារូ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៤ វិច្ឆិកា​ថា ប្រជា​ពល​រដ្ឋ​វៀតណាម​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​បច្ចុប្បន្ន ទាំង​ស្រប​ច្បាប់ និង​មិន​ស្រប​ច្បាប់ រដ្ឋាភិបាល​ខ្មែរ​បាន​ផ្ដល់​សិទ្ធិ​ពេញ​លេញ​ជួន​ពួក​គេ ផ្ទុយ​ទៅ​វិញ ពល​រដ្ឋ​កម្ពុជា​ក្រោម ដែល​កំពុង​រស់​នៅ​លើ​ទឹក​ដី​អតីត​កម្ពុជា​ក្រោម ដែល​គ្រប់​គ្រង​ដោយ​រដ្ឋាភិបាល​យួន​នោះ ត្រូវ​បាន​គេ​រឹត​បន្តឹង​សិទ្ធិ​សេរីភាព និង​ធ្វើ​បាប​ទៅ​វិញ។
ប្រធាន​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ពិភព​លោក​ប្រចាំ​នៅ​កម្ពុជា លោក តាំង សារៈ បាន​លើក​ឡើង​ថា លោក​មិន​បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍ ឬ​ធ្វើ​ញត្តិ​ដាក់​ជួន​លោក​នាយក​រដ្ឋ​មន្ត្រី​វៀតណាម​ទេ ដោយ​លោក​ចាត់​ទុក​លោក ង្វៀន តិន​យុង ជា​មនុស្ស​គរ ព្រោះ​ថា​កន្លង​មក លោក​ធ្លាប់​បាន​ដាក់​លិខិត​សុំ​ឲ្យ​រដ្ឋាភិបាល​វៀតណាម​សុំ​បញ្ឈប់​ការ​គាប​សង្កត់ និង​រំលោភ​បំពាន​មក​លើ​ពល​រដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម ប៉ុន្តែ​គេ​មិន​ដោះ​ស្រាយ​ជួន​នោះ​ទេ។
វិទ្យុ​អាស៊ី​សេរី​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​មន្ត្រី​ស្ថាន​ទួត​វៀតណាម​ប្រចាំ​នៅ​កម្ពុជា ដើម្បី​សុំ​ការ​បំភ្លឺ​ពី​ករណី​ខាង​លើ​នេះ​បាន​ទេ នៅ​ថ្ងៃ​អាទិត្យ ទី​១៤ វិច្ឆិកា​នេះ។
កាល​ពី​ថ្ងៃ​ទី​១៣ វិច្ឆិកា គណ​បក្ស​សម​រង្ស៊ី​ក៏​បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​ចំហ​មួយ​ផង​ដែរ ដោយ​ខ្លឹម​សារ​ក្នុង​លិខិត​នោះ បាន​សុំ​ឲ្យ​នាយក​រដ្ឋ​មន្ត្រី​វៀតណាម ប្រើ​ប្រាស់​កិច្ច​ប្រជុំ​កម្ពុជា វៀតណាម ឡាវ និង​មីយ៉ាន់ម៉ា​នេះ ធ្វើ​យ៉ាង​ណា​បង្ហាញ​ពី​ជំហរ​របស់​ប្រទេស​វៀតណាម ក្នុង​ការ​គោរព​បូរណភាព​ទឹក​ដី អធិបតេយ្យភាព និង​ឯករាជ្យ​នៃ​ប្រទេស​កម្ពុជា ឲ្យ​ស្រប​ទៅ​តាម​គោល​ការណ៍ ដែល​មាន​ចែង​នៅ​ក្នុង​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា ឆ្នាំ​១៩៩១។
មន្ត្រី​នាំ​ពាក្យ​ស្ដីទី​នៃ​គណ​បក្ស​សម​រង្ស៊ី លោក គីម សួភីរិទ្ធ បាន​មាន​ប្រសាសន៍​ថា នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​នោះ បាន​ទាម​ទារ​ឲ្យ​រដ្ឋាភិបាល​វៀតណាម និង​កម្ពុជា ពិនិត្យ​ឡើង​វិញ​នូវ​ការ​បោះ​តម្រុយ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​ឲ្យ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក ព្រោះ​ថា​ការ​បោះ​បង្គោល​តម្រុយ​ព្រំដែន​កន្លង​មក បាន​បាត់​ដី​ស្រែ​ប្រជា​ពល​រដ្ឋ ដូច​ជា​ព្រំដែន​វៀតណាម-កម្ពុជា នៅ​ខែត្រ​កំពង់ចាម ខែត្រ​តាកែវ និង​ខែត្រ​ស្វាយ​រៀង​ជា​ដើម។
ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា លោក វ៉ា គឹម​ហុង បាន​បដិសេធ​កាល​ពី​ថ្ងៃ​ទី​១៣ វិច្ឆិកា​ថា ការ​បោះ​បង្គោល​តម្រុយ​ព្រំដែន​កម្ពុជា-វៀតណាម ពុំ​បាន​បាត់​ដី​ប្រជា​ពល​រដ្ឋ​ខ្មែរ​ទេ។ លោក វ៉ា គឹម​ហុង បាន​បញ្ជាក់​ថា លោក​នឹង​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់ ចំពោះ​រាល់​សកម្មភាព​ណា​មួយ​ដែល​ធ្វើ​ឲ្យ​រាំង​ស្ទះ​ដល់​ការ​ពន្លឿន​ការ​បោះ​តម្រុយ​បង្គោល​ព្រំដែន​រវាង​ប្រទេស​កម្ពុជា និង​វៀតណាម​នេះ។
ទោះ​ជា​យ៉ាង​ណា​លោក គីម សួភីរិទ្ធ បាន​លើក​ឡើង​ថា គណ​បក្ស​ប្រឆាំង​មិន​ទុក​ចិត្ត​ទៅ​លើ​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា​ទេ ព្រោះ​ការ​បោះ​បង្គោល​តម្រុយ​ព្រំដែន​នេះ ហាក់​បី​ដូច​ជា​មាន​រឿង​អាថ៌​កំបាំង​អ្វី​មួយ ដោយ​លោក​បញ្ជាក់​ថា បើ​សិន​គណៈ​គណៈកម្មាធិការ​នេះ​មាន​តម្លាភាព គេ​គួរ​តែ​បើក​ឲ្យ​សង្គម​ស៊ីវិល និង​តំណាង​រាស្ត្រ​ចូល​រួម​ត្រួត​ពិនិត្យ​ក្នុង​ការ​បោះ​តម្រុយ​ព្រំដែន​នោះ ព្រោះ​ថា​ជា​ទឹក​ដី​ខ្មែរ​ទាំ​អស់​គ្នា៕

សប្បុរស​ជន​បរទេស​ជួយ​បង់​ថ្លៃ​សាលា​ឲ្យ​និស្សិត​ស្ត្រី​១​ក្រុម

2010-10-28
និស្សិត​ស្រី​ក្រីក្រ​ប្រមាណ​ជាង ២០​នាក់ មក​ពី​បណ្ដា​ខេត្ត​ក្រុង​នានា​មួយ​ចំនួន ដែល​ទទួល​បាន​ការ​ឧបត្ថម្ភ​ឲ្យ​សិក្សា​ថ្នាក់​មហា​វិទ្យាល័យ​ច្បាប់ ក្នុង​ទីក្រុង​ភ្នំពេញ​ពី​សប្បុរស​ជន​នានា នៅ​ឯ​ក្រៅ​ប្រទេស បាន​សំដែង​ក្តី​សប្បាយ​រីក​រាយ​ថា ពួក​គេ​នឹង​មិន​បាត់​បង់​ឱកាស​រៀន​សូត្រ​នោះ​ទេ ហើយ​គេ​សង្ឃឹម​ថា​នឹង​មាន​ការ​ងារ​ល្អ​ទៅ​ថ្ងៃ​មុខ។

RFA/Khe Sornong
លោកស្រី Margaret Ryan សញ្ជាតិ​អាមេរិកាំង ជា​សប្បុរស​ជន​ជួយ​និស្សិត​ស្រី​ខ្មែរ
student305
ក្រុម​និស្សិត​ស្រី​ដែល​ទទួល​បាន​ការ​ឧបត្ថម្ភ​ពី​សប្បុរស​ជន​បរទេស (RFA/Khe Sornong)
អ្នក​ស្រី ខែ សុណង រាយ​ការណ៍ ៖

និស្សិត​ពេទ្យ​១​រូប​ទទួល​អាហារូបករណ៍​ពី​មូលនិធិ​អនាគត​ខ្មែរ

2010-10-24
លោក សេក បណ្ឌិត មាន​សេចក្ដី​រាយ​ការណ៍​មួយ​ស្ដីពី​គោល​បំណង​យុវតី​ម្នាក់ ដែល​ទើប​ទទួល​បាន​អាហា​រូបករណ៍​រៀន​នៅ​សាលា​ពេទ្យ​ក្នុង​ស្រុក និង​មាន​គោល​បំណង​ចង់​ក្លាយ​ជា​គ្រូពេទ្យ​ម្នាក់​ដ៏​មាន​គុណធម៌ ជួយ​ព្យាបាល​ដល់​ពល​រដ្ឋ​ក្រីក្រ។

RFA/Sek Bandith
យុវតី ឃឹម ណាំ​ហ្គិច (ស្ដាំ) ទទួល​អាហារូបករណ៍​ពី​មូលនិធិ​អនាគត​ខ្មែរ កាល​ពី​ថ្ងៃ​ទី​២២ តុលា ២០១០ នៅ​សណ្ឋាគារ​ភ្នំពេញ ក្រុង​ភ្នំពេញ
នៅ​ក្នុង​ប្រទេស​កម្ពុជា គេ​សង្កេត​ឃើញ​ថា សេវា​ថែ​ទាំ​សុខភាព​នៅ​មាន​កម្រិត​នៅ​ឡើយ ទាំង​នៅ​ទីក្រុង និង​ជនបទ មិន​ត្រឹម​តែ​ប៉ុណ្ណោះ មាន​ការ​ចោទ​ប្រកាន់​ស្ទើរ​គ្រប់​មជ្ឈដ្ឋាន​ជា​បន្ត​បន្ទាប់​ថា មិន​ត្រឹម​តែ​ថា​ក្រុម​គ្រូ​ពេទ្យ​វាយ​ឫក ក្រអឺតក្រទម ខ្វះ​សីលធម៌​ទៅ​លើ​អ្នក​ជំងឺ ថែម​ទាំង​អ្នក​ជំងឺ​ភាគ​ច្រើន​​មិន​មាន​ទំនុក​ចិត្ត​លើ​ក្រុម​គ្រូ​ពេទ្យ​ខ្មែរ​ទៀត​ផង។
ទន្ទឹម​ពេល​នេះ​ដែរ យុវជន​ខ្មែរ មាន​ការ​សិក្សា​លើ​វិជ្ជា​ពេទ្យ​ក៏​នៅ​មាន​ចំនួន​តិច​ដែរ​បើ​ប្រៀប​ធៀប​ទៅ​នឹង​មុខ​វិជ្ជា​ផ្សេងៗ ដោយ​សារ​គេ​យល់​ឃើញ​ថា ការ​សិក្សា​លើ​វិជ្ជា​ពេទ្យ ត្រូវ​ចំណាយ​ប្រាក់​ច្រើន ដែល​ធ្វើ​ឲ្យ​កូន​ចៅ​ក្នុង​គ្រួសារ​ក្រីក្រ មិន​អាច​តស៊ូ​រៀន​ក្នុង​វិជ្ជា​នេះ​បាន។
ដោយ​មើល​ឃើញ​នូវ​បរិបទ​ខាង​លើ​នេះ ទើប​មូលនិធិ​អនាគត​ខ្មែរ និង​ក្រុមហ៊ុន​មេឌី​ខ្មែរ (MEDIKHMER) បាន​ព្យាយាម​ប្រមែ​ប្រមូល​ថវិកា​ផ្ដល់​អាហារូបករណ៍​ជូន​ដល់​និស្សិត​ក្រីក្រ ដោយ​ធ្វើ​ការ​ជ្រើស​រើស​និស្សិត​ណា​ដែល​មាន​ឆន្ទៈ​មោះ​មុត ក្នុង​ការ​សិក្សា​វិជ្ជា​ពេទ្យ​នេះ ដោយ​មាន​គោល​បំណង​ជំរុញ​ឲ្យ​ទៅ​ដល់​អនាគត ក្លាយ​ជា​គ្រូ​ពេទ្យ​ម្នាក់ ដែល​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​លើ​អ្នក​ជំងឺ​នៅ​តាម​ជនបទ។
លោក មួង សុទ្ធី ប្រធាន​មូលនិធិ​អនាគត​ខ្មែរ និង​ជា​នាយក​ក្រុមហ៊ុន​មេឌី​ខ្មែរ (MEDIKHMER) បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា កាល​ពី​ពេល​ថ្មី​នេះ មូលនិធិ​អនាគត​ខ្មែរ​បាន​ធ្វើ​ការ​ជ្រើស​រើស​និស្សិត​មួយ​រូប​ជា​ជ័យ​លាភី ទទួល​បាន​អាហារូបករណ៍​សិក្សា​នៅ​មហា​វិទ្យាល័យ​ឱសថ​សាស្ត្រ និង​ពាណិជ្ជសាស្ត្រ ក្នុង​ចំណោម​និស្សិត​ជា​ច្រើន​រយ​នាក់។
លោក​បាន​ឲ្យ​ដឹង​ទៀត​ថា ក្នុង​ចំណោម​និស្សិត​ជា​ច្រើន​ដែល​មាន​គណៈកម្មការ​ត្រួត​ពិនិត្យ​វាយ​តម្លៃ ចំពោះ​ការ​សិក្សា​អស់​រយៈ​ពេល​ច្រើន​ខែ​មក គណៈកម្មការ​បាន​សម្រេច​ផ្ដល់​អាហារូបករណ៍​ជូន​ឲ្យ​ទៅ​លើ​យុវតី​ម្នាក់ ឈ្មោះ ឃឹម ណាំ​ហ្គិច អាយុ​១៩​ឆ្នាំ មាន​ស្រុក​កំណើត​នៅ​ខេត្ត​កំពង់ចាម ៖ «គឺ​យើង​ផ្ដល់​ជា​មូលនិធិ​ចំនួន​ជា​ទឹក​ប្រាក់ ៦​ពាន់​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ហើយ​និង​កុំព្យូទ័រ រហូត​ដល់​គាត់​ចប់​ការ​សិក្សា​របស់​គាត់។ អាហារូបករណ៍​នេះ​គឺ​ផ្ដល់​ជូន​ដោយ​មូលនិធិ​អនាគត​ខ្មែរ ហៅ​ថា ខ្មែរ​ណិក (Khmer Next) ដែល​មាន​ការ​ឧបត្ថម្ភ​ផ្នែក​ហិរញ្ញវត្ថុ​ពី​ក្រុមហ៊ុន​ហ្វាណិក (Pharnext) ដែល​ជា​ក្រុមហ៊ុន​ផលិត​ឱសថ​ខ្នាត​អន្តរ​ជាតិ​មួយ ដែល​មាន​ទីតាំង​នៅ​ប្រទេស​បារាំង ប្រទេស​អាមេរិក និង​ប្រទេស​ចិន និង​នៅ​ប្រទេស​ប្រេស៊ីល»
នៅ​ក្នុង​ពិធី​ប្រកាស​ផ្ដល់​អាហារូបករណ៍​នៅ​សណ្ឋាគារ​ភ្នំពេញ កាល​ពី​រសៀល​ថ្ងៃ​សុក្រ ទី​២២ ខែ​តុលា យុវតី ឃឹម ណាំ​ហ្គិច បាន​សម្ដែង​ក្ដី​រំភើប​រីករាយ ប្រកប​ដោយ​ស្នាម​ញញឹម និង​ក្ដី​សង្ឃឹម​ទុក​ជា​មុន​ថា ក្តី​បំណង​របស់​គេ​ពី​ពេល​នេះ​ត​ទៅ គឺ​ពិត​ជា​បាន​ជោគ​ជ័យ​ហើយ។
យុវតី ឃឹម ណាំ​ហ្គិច បាន​ឲ្យ​ដឹង​ថា គ្រួសារ​នាង​ស្ថិត​ក្នុង​ជីវភាព​មធ្យម។ ម្ដាយ​ជា​មេ​ផ្ទះ ឪពុក​ជា​គិលានុបដ្ឋាយិកា ឬ​គ្រូពេទ្យ​ថែ​ទាំ​អ្នក​ជំងឺ នៅ​មន្ទីរ​ពេទ្យ​បង្អែក​អ្នក​លឿង ខេត្ត​ព្រៃវែង ប៉ុន្តែ​សម្រាប់​ការ​រៀន​សូត្រ​វិជ្ជា​ពេទ្យ គ្រួសារ​នាង​ពិត​ជា​មាន​ការ​ខ្វះ​ខាត​ខ្លាំង​ណាស់ ៖ «ដូច​បាន​ដឹង​ស្រាប់​ហើយ​ថា ការ​រៀន​ពេទ្យ​គឺ​មិន​មែន​ចំណាយ​លុយ​តិចតួច​ទេ។ ប៉ា​ខ្ញុំ​គាត់​ត្រឹម​តែ​ជា​គិលានុបដ្ឋាយិកា មិន​មែន​ជា​វេជ្ជបណ្ឌិត ដែល​មាន​ប្រាក់​ខែ​ច្រើន​នោះ​ទេ»
តែ​ទោះ​យ៉ាង​ណា​ក្ដី ក្រោយ​បញ្ចប់​ការ​សិក្សា​នៅ​មធ្យម​សិក្សា​ទុតិយភូមិ (បាក់ឌុប) នាង​មាន​គោល​ដៅ​រួច​ជា​ស្រេច គឺ​អនាគត​ចង់​ក្លាយ​ជា​វេជ្ជបណ្ឌិត ឬ​គ្រូ​ពេទ្យ​ដ៏​មាន​គុណធម៌​មួយ​រូប ៖ «បាន​ជា​នាង​ខ្ញុំ​ចង់​រៀន​មុខ​វិជ្ជាពេទ្យ​នេះ ពី​ព្រោះ​នាង​ខ្ញុំ​ស្រលាញ់​ខ្លួន​ឯង​ផង និង​ចង់​បន្ត​ឧត្ដម​គតិ​ប៉ា​របស់​នាង​ខ្ញុំ​ផង ពី​ព្រោះ​ប៉ា​ខ្ញុំ​គាត់​ឆ្លង​កាត់​របប ប៉ុល ពត អ៊ីចឹង​គ្រួសារ​គាត់​ខ្សត់ខ្សោយ អត់​មាន​លទ្ធភាព​រៀន​ដល់​វេជ្ជបណ្ឌិត​បាន​ទេ គឺ​គាត់​រៀន​ត្រឹម​តែ​គិលានុបដ្ឋាយិកា ហើយ​ត្រឹមតែ​បឋម​ថែម​ទៀត ដូច្នេះ​គាត់​ធ្វើ​ការ​មាន​ការ​លំបាក​ណាស់​ក្នុង​វិស័យ​សុខាភិបាល អ៊ីចឹង​ខ្ញុំ​ចង់​ពង្រឹង​ខ្លួន​ឯង​ឲ្យ​ក្លាយ​ទៅ​ជា​វេជ្ជបណ្ឌិត​តាម​គោលបំណង​របស់​ប៉ា​ខ្ញុំ»
មុន​នឹង​ទទួល​បាន​អាហារូបករណ៍​នេះ យុវតី ឃឹម ណាំ​ហ្គិច ត្រូវ​បាន​គ្រួសារ​បាន​ខិត​ខំ​សន្សំ​ប្រាក់​ឲ្យ​នាង​បាន​រៀន​នៅ​សាកល​វិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល ឆ្នាំ​ទី​២ ផ្នែក​វេជ្ជសាស្ត្រ ឬ​ជំនាញ​ព្យាបាល​ជំងឺ ដោយ​ត្រូវ​ចំណាយ​លុយ​មួយ​ឆ្នាំ​អស់​ជាង ១០០០​ដុល្លារ​អាមេរិក។
យុវតី​រូប​នេះ​បាន​ឲ្យ​ដឹង​ពី​អ្វី​ដែល​នាង​បាន​មាន​លទ្ធភាព​ជាប់​អាហារូបករណ៍​នេះ​ថា ការ​ឧបត្ថម្ភ​ពី​ឪពុក​ម្ដាយ កាន់​តែ​មាន​ការ​ខ្សត់​ខ្សោយ តែ​នាង​នៅ​តែ​មាន​ចិត្ត​ចង់​បន្ត​ការ​សិក្សា ដូច្នេះ​នាង​បាន​ព្យាយាម​ពុះពារ ហើយ​ស្វែង​រក​មូលនិធិ​ជួយ​ឧបត្ថម្ភ ហើយ​ទីបំផុត​នាង​ស្គាល់​មូលនិធិ​មួយ ឈ្មោះ​ថា​មូលនិធិ​អនាគត​ខ្មែរ ឬ​ខ្មែរ​ណិក តាម​រយៈ​មិត្តភ័ក្ដិ ដោយ​ដាក់​ពាក្យ​ស្នើ​សុំ​អាហារូបករណ៍​ទៅ​ក្រុមហ៊ុន សរសេរ​អត្ថបទ​មួយ​ជា​ភាសា​អង់គ្លេស បង្ហាញ​ពី​គោល​បំណង ចាប់​តាំងពី​ខែ​មីនា ឆ្នាំ​២០១០ មក។
លោក ឃឹម សុភា ជា​គិលានុបដ្ឋាយិកា ឬ​គ្រូ​ពេទ្យ​ថែ​ទាំ​អ្នក​ជំងឺ នៅ​មន្ទីរ​ពេទ្យ​បង្អែក​អ្នកលឿង ខេត្ត​ព្រៃវែង ត្រូវ​ជា​ឪពុក​យុវតី ឃឹម ណាំ​ហ្គិច បាន​សម្ដែង​ឲ្យ​ដឹង​ពី​ទឹក​ចិត្ត​កូន​ក្នុង​ការ​រៀន​សូត្រ​ថា ណាំ​ហ្គិច ជា​ក្មេង​សុភាព​រាបសា តស៊ូ​ក្នុង​ការ​សិក្សា មិន​ដែល​ធ្វើ​ឲ្យ​ឪពុក​ម្ដាយ​លំបាក​ប្រដៅ​ណែ​នាំ​ច្រើន​ឡើយ ៖ «កូន​ខ្ញុំ​មាន​ទឹក​ចិត្ត​មួយ​ថា ត្រឹម​តែ​ពេទ្យ​ថែ​ទាំ​អ្នក​ជំងឺ​តូច​ណាស់ អ៊ីចឹង​ខ្ញុំ​ខំ​យ៉ាង​ម៉េច​ឲ្យ​លើស​ប៉ា ឲ្យ​បាន​ជា​វេជ្ជបណ្ឌិត​មួយ​យ៉ាង​ចំណាន។ អ៊ីចឹង​ខ្ញុំ​ជា​ឪពុក ដោយ​ស្មារតី​ទឹក​ចិត្ត​កូន ខំ​តស៊ូ​សន្សំ អ៊ីចឹង​ខ្ញុំ​ត្រូវ​ឲ្យ​គាត់​ស្វះស្វែង​ជាមួយ​មិត្តភ័ក្ដិ​ក្រែងលោ​មាន​មូលនិធិ​សមធម៌​ណា​សម្រាប់​ផ្គត់ផ្គង់​ឲ្យ​បាន​រៀន​ត​ទៀត។ អ៊ីចឹង​វា​ភ័ព្វសំណាង​របស់​កូន​ទេ ជា​រឿង​ទំនាក់ទំនង​របស់​កូន»
លោក​បន្ត​ថា លោក​សប្បាយ​ចិត្ត​ដែល​ឃើញ​កូន​មាន​ការ​តាំង​ចិត្ត​បាន​ល្អ ក្នុង​ការ​ដើរ​តាម​គន្លង​របស់​ឪពុក​ចង់​បាន​ដូច្នេះ។
លោក មួង សុទ្ធី ប្រធាន​មូលនិធិ​អនាគត​ខ្មែរ និង​ជា​នាយក​ក្រុមហ៊ុន​មេឌី​ខ្មែរ បាន​ឲ្យ​ដឹង​ពី​លក្ខខណ្ឌ​នៃ​ការ​ជ្រើស​រើស​និស្សិត ដើម្បី​ផ្ដល់​អាហារូបករណ៍​នេះ​ថា មូលនិធិ​អនាគត​ខ្មែរ​មិន​ផ្ដោត​លើ​ពិន្ទុ​ខ្ពស់ មាន​ចំណាត់​ថ្នាក់​លេខ​មួយ​នោះ​ទេ គឺ​អាស្រ័យ​ភាព​ឆ្លាតវៃ និង​ការ​ខិត​ខំ​ប្ដូរ​ផ្ដាច់​នឹង​ការ​សិក្សា​ជា​អាទិភាព ៖ «ទី​មួយ​យើង​​ឃើញ​គាត់​មាន​ភាព​ខ្វះ​ខាត​ក្នុង​ការ​សិក្សា​របស់​គាត់ ទី​២ ឃើញ​គាត់​មាន​ការ​តស៊ូ​ណាស់ ហើយ​ជា​ពិសេស គាត់​ជា​ក្មេង​ស្រី​ទៀត ហើយ​មាន​ការ​ព្យាយាម​រៀន​សូត្រ អ៊ីចឹង​បាន​ជា​យើង​ផ្ដល់​អាហារូបករណ៍​ហ្នឹង​ជូន​ទៅ​គាត់»។
យុវតី ឃឹម ណាំ​ហ្គិច បាន​មាន​ការ​ចាប់​អារម្ភ​ចំពោះ​វិស័យ​សុខាភិបាល​នៅ​កម្ពុជា​ដែរ​ថា ៖ «នៅ​តាម​ជនបទ ប្រជា​ពល​រដ្ឋ​ក្រីក្រ​តែង​តែ​មិន​ហ៊ាន​ចូល​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ទេ ដោយ​ខ្លាច​ចំណាយ​លុយ​ច្រើន អ៊ីចឹង​គាត់​បង្ខំ​ចិត្ត​ប្រើប្រាស់​មធ្យោបាយ​ទិញ​ថ្នាំ​បន្តិច​បន្តួច​យក​មក​ហូប អ៊ីចឹង​មាន​ការ​លំបាក​ណាស់។ នេះ​ជា​ក៏​ជា​មូលហេតុ​ដែល​នាង​ខ្ញុំ​ចង់​រៀន​ខាង​នេះ​ផង​ដែរ»
យុវតី ឃឹម ណាំ​ហ្គិច បាន​តាំង​ចិត្ត​ថា នៅ​ក្រោយ​រៀន​ចប់​ក្លាយ​ជា​វេជ្ជបណ្ឌិត គេ​មាន​បំណង​ចង់​ជួយ​ប្រជា​ពល​រដ្ឋ​តាម​ជនបទ​ក្រីក្រ ដោយ​ផ្ដល់​សេវា​សុខភាព​ដល់​ពួក​គាត់​ឲ្យ​បាន​ល្អ តាម​លទ្ធភាព​ដែល​អាច​ធ្វើ​ទៅ​បាន៕