នាវាចម្បាំងសហរដ្ឋអាមេរិកមកដល់កម្ពុជា
ដោយ មុំ សុផុន
2010-12-03
នាវាចម្បាំងរបស់សហរដ្ឋអាមេរិកឈ្មោះ USS Mustin បានចូលចតនៅក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី៣ ខែធ្នូ ហើយនឹងបន្តនៅដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១០ ក្នុងដំណើរជាលើកទី៨ របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិកមកកម្ពុជា។
លោក Mechael Mannak Khem Misiewicz ឈ្មោះជាភាសាខ្មែរ ខែម វណ្ណៈ មានដើមកំណើតខ្មែរសញ្ជាតិអាមេរិក ជាមេបញ្ជាការរបស់នាវា USS Mustin បានថ្លែងប្រាប់អ្នកសារព័ត៌មានឲ្យដឹងនៅថ្ងៃទី៣ ខែធ្នូថា ក្នុងដំណើរបេសកកម្មមកកម្ពុជានេះ គឺក្រុមកងនាវិកនឹងទៅចែករំលែក និងដកស្រង់បទពិសោធន៍ជាមួយកងទាហានជើងទឹករបស់កម្ពុជា រួមជាមួយនឹងធ្វើការមនុស្សធម៌មួយចំនួនទៀត ជាមួយក្រុមកុមារកំព្រា ដូចជាការលេងកីឡា និងប្រគល់សម្ភារៈកីឡាផង។
លោក ខែម វណ្ណៈ បានថ្លែងតាមរយៈអ្នកបកប្រែដូច្នេះ ៖ “គាត់មានសេចក្ដីរំភើបរីករាយណាស់ដែលក្រុមបញ្ជាការហ្នឹងបានចូលចតនៅក្រុងព្រះសីហនុ ជាដំណើរចូលចតរបស់មេបញ្ជាការជាលើកទី១ ក្រោយពីបានចាកចេញពីប្រទេសកម្ពុជាអស់រយៈពេល ៣៧ឆ្នាំកន្លងមកហើយ។ គាត់មិននឹកស្មានថា គាត់មានឱកាសបានវិលត្រឡប់មកប្រទេសកម្ពុជាវិញ ក្នុងនាមជាមេបញ្ជាការនាវាពិឃាដរបស់សហរដ្ឋអាមេរិក USS Mustin ហើយគាត់ក៏មិននឹកស្មានថា ម្ដាយមីងគាត់បានមកទទួលគាត់នៅទីនេះ ហើយគាត់ក៏មិនអាចទប់ទឹកភ្នែកបាន ពេលដែលបានជួបគ្នា។ គាត់រីករាយណាស់"។
នាវា USS Mustin មានបុគ្គលិកទាហាន និងនាយទាហានចំនួន ២៧៦នាក់ ក្នុងនោះមាននាយទាហានដែលមានដើមកំណើតខ្មែរចំនួន ៤នាក់ រាប់ទាំងលោកមេបញ្ជាការ ខែម បណ្ណៈ។
ក្រុមគ្រួសារលោក ខែម វណ្ណៈ ដែលបានបែកគ្នាអស់រយៈពេលជិត ៤០ឆ្នាំហើយនោះ ត្រូវគេអនុញ្ញាតឲ្យចូលសួរសុខទុក្ខ។ ពួកគាត់រត់ឱបរឹតគ្នាដោយក្ដីនឹករឭកមិននឹកស្មានដល់។
លោក ឱក ប៉ែន ជាអ៊ំរបស់លោក ខែម វណ្ណៈ ហើយជាមនុស្សដែលបានថែរក្សា បានថ្លែងថា លោកមានមោទនភាពខ្លាំងណាស់ដែលក្មួយរបស់លោកបានក្លាយជាមេបញ្ជាការរបស់នាវាអាមេរិក USS Mustin នេះ។
នាវា USS Mustin ជានាវាពិឃាដប្រដាប់ដោយកាំជ្រួចតម្រង់គោលដៅ និងស្ថិតក្នុងចំណាត់ថ្នាក់ Arleight Burke។ នាវានេះមានប្រវែង ១៥៥ម៉ែត្រ ទម្ងន់ ៩.៣០០តោន។ អាវុធរបស់នាវារួមមានកាំជ្រួចស្តង់ដា SM-2MR កាំជ្រួចបាញ់បញ្ឈរ ASROC (VLA) កាំជ្រួចវាយប្រហារលើដីធុន Tomahawk គ្រាប់បែកបាញ់កម្ទេចនាវាមុជទឹកធុន MK-46។ មានប្រព័ន្ធកាំភ្លើងបាញ់ក្នុងចម្ងាយកៀក និងកាំភ្លើងធុន MK 45 ហើយនាវា USS Mustin នេះមានឧទ្ធម្ភាគចក្រប្រយុទ្ធធុន LAMPS MK III MHH-60 ចំនួនពីរគ្រឿង ដែលបំពាក់ដោយប្រព័ន្ធបាញ់កាំជ្រួច Penguin/Hellfre និងបំពាក់គ្រាប់បែកបាញ់កម្ទេចនាវាមុជទឹកធុន MK 46 ចំនួន ៥០គ្រាប់ដែរ៕
No comments:
Post a Comment