Tuesday 23 November 2010

មនុស្ស​ស្លាប់​កើន​ដល់​ ៣៣៩​នាក់ និង​របួស​ ៣២៩​នាក់


2010-11-22
នៅ​រាត្រី​​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២០១០ ត្រូវ​នឹង​ថ្ងៃ​ទី​៣ នៃ​ពិធី​បុណ្យ​អុំ​ទូក​ចុង​ក្រោយ នៅ​តំបន់​មជ្ឈមណ្ឌល​កម្សាន្ត​កោះពេជ្រ ក្នុង​សង្កាត់​ទន្លេ​បាសាក់ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ មាន​ឧបទ្ទវហេតុ​មនុស្ស​ផ្អើល​រត់​ជាន់​គ្នា​នៅ​លើ​ស្ពាន​ឆ្លង​ដៃ​ទន្លេ​បាសាក់ ពី​សួន​ច្បារ ហ៊ុន សែន ទៅ​តំបន់​កោះពេជ្រ នៅ​ម៉ោង​ប្រមាណ​ជាង ៨​យប់ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់ និង​រង​របួស​រាប់​រយ​នាក់។
RFA/Leng Maly
២៣-វិច្ឆិកា-២០១០: សាកសព​ជន​រង​គ្រោះ​ដោយ​ឧបទ្ទវហេតុ​ផ្អើល​រត់​ជាន់​គ្នា​នៅ​លើ​ស្ពាន​កោះ​ពេជ្រ តម្កល់​ទុក​នៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-​សូវៀត ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​សាច់ញាតិ​មក​ទទួល​យក។
នៅ​ក្នុង​ព្រឹត្តិការណ៍​គួរ​ឲ្យ​រន្ធត់​នេះ គេ​បាន​រក​ឃើញ​មនុស្ស​ស្លាប់​បាន​កើន​ឡើង​ជា​បន្ត​បន្ទាប់។ មក​ដល់​ម៉ោង​ប្រមាណ ៣​ទៀប​ភ្លឺ ថ្ងៃ​អង្គារ ទី​២៣ ខែ​វិច្ឆិកា គេ​បាន​រក​ឃើញ​មនុស្ស​ស្លាប់​ប្រមាណ​ជាង ៣៣៩​នាក់ និង​របួស​ធ្ងន់ សន្លប់ ប្រមាណ ៣២៩​នាក់។ នេះ​ជា​ការ​ប្រកាស​ឲ្យ​ដឹង​ពី​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន តាម​រយៈ​ការ​ផ្សាយ​ផ្ទាល់​តាម​ទូរទស្សន៍​បាយ័ន​ភ្លាមៗ​នៅ​រាត្រី​កើត​ហេតុ ហើយ​គេ​រំពឹង​ថា ចំនួន​មនុស្ស​ស្លាប់​នឹង​អាច​កើន​ឡើង​ទៀត។
លោក​នាយករដ្ឋមន្ត្រី​បាន​ថ្លែង​សុំ​ទោស និង​សោកស្ដាយ​ចំពោះ​ព្រឹត្តិការណ៍​គួរ​ឲ្យ​រន្ធត់​នេះ និង​ចូលរួម​រំលែក​ទុក្ខ ព្រម​ទាំង​បញ្ជា​ឲ្យ​មាន​ការ​ស៊ើប​អង្កេត និង​ធ្វើ​កោសល្យវិច័យ​លើ​សាកសព​ដែល​បាន​ស្លាប់ និង​អ្នក​របួស​ជា​បន្ទាន់ ទៅ​លើ​ហេតុផល​មិន​ទាន់​ច្បាស់​លាស់​ថា ផ្ដើម​ឡើង​ដោយ​ដួល​សន្លប់ ហើយ​ផ្អើល​រត់​ជាន់​គ្នា​បណ្ដាល​ឲ្យ​ស្លាប់​មនុស្ស​អស់​ជា​ច្រើន​បែប​នេះ។
សាក្សី​ម្នាក់​ជា​បុរស អាយុ​ប្រមាណ ២០​ឆ្នាំ ដែល​ទើប​ងើប​ពី​ដួល​សន្លប់​នៅ​ក្នុង​ហេតុការណ៍​ខាង​លើ​នេះ បាន​ថ្លែង​ទាំង​ឈឺ​ចាប់​ថា នៅ​ពេល​គេ​កំពុង​ដើរ​ឆ្លង​ស្ពាន​ថ្មី ឆ្លង​ពី​កោះ​ពេជ្រ​មក​សួន​ច្បារ ហ៊ុន សែន នៅ​ម៉ោង​ប្រមាណ ៨​កន្លះ មាន​គេ​ស្រែក​ឆោឡោ​តៗ​គ្នា​ថា ស្ពាន​ជិត​បាក់​ហើយ ហើយ​ក៏​រត់​បុក​ដួល​ជាន់​គ្នា​កាន់​តែ​ខ្លាំង​ឡើងៗ បណ្ដាល​ឲ្យ​មាន​អ្នក​សន្លប់​កាន់​តែ​ច្រើន​ទៅៗ អ្នក​ខ្លះ​រត់​រួច អ្នក​ខ្លះ​បង្ខំ​ចិត្ត​លោត​ចុះ​ទឹក​ទាំង​ប្រថុយ​ជីវិត។
សាកសព និង​អ្នក​របួស​ភាគ​ច្រើន ត្រូវ​បាន​ស្រង់​ពី​ទឹក ហើយ​បាន​បាក់​ដៃ​ជើង​ដោយ​ជាន់​លើ​គ្នា។
ការ​ពិនិត្យ​ដោយ​ភ្នែក​នៅ​ពេល​យប់​ក្រោយ​ហេតុការណ៍​បាន​ធូរ​ស្រាល នៅ​លើ​ស្ពាន​កើត​ហេតុ​នោះ ទាំង​សមត្ថកិច្ច និង​អ្នក​សង្កេតការណ៍​ផ្សេងៗ ពុំ​ទាន់​អាច​សន្និដ្ឋាន​បាន​ថា ស្ពាន​នោះ​មាន​ការ​ប្រែប្រួល​ខុស​សភាព​ដើម​យ៉ាង​ណា​នោះ​ទេ។
សាកសព និង​អ្នក​របួស ត្រូវ​គេ​ដឹក​តាម​រថយន្ត​សង្គ្រោះ​បន្ទាន់ និង​រថយន្ត​កង​រាជ​អាវុធហត្ថ​ជា​ច្រើន​គ្រឿង ទៅ​កាន់​មន្ទីរពេទ្យ​ចំនួន​៤ ក្នុង​ទីក្រុង​ភ្នំពេញ ក្នុង​នោះ​មាន​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-​សូវៀត ឬ​ហៅ​ថា ពេទ្យ​រុស្ស៊ី ជាដើម។
ក្នុង​ពេល​នេះ​ដែរ រដ្ឋាភិបាល​បាន​ប្រកាស​ឲ្យ​ប្រជាជន​ណា​ដែល​បាត់​បង​ប្អូន សូម​អញ្ជើញ​ទៅ​ទាក់ទង​មន្ត្រី​សាលា​ក្រុង​ភ្នំពេញ ដើម្បី​សួរ​រក​សាច់ញាតិ និង​សាកសព។
លោក​នាយករដ្ឋមន្ត្រី បាន​ប្រកាស​យក​ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា ជា​ថ្ងៃ​កាន់​ទុក្ខ​ទូទាំង​ប្រទេស ចំពោះ​អ្នក​ស្លាប់​ក្នុង​ព្រឹត្តិការណ៍​គួរ​ឲ្យ​អាណោចអាធម្ម​ទាំង​នោះ៕

No comments:

Post a Comment